ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និង មន្ទីរអង្គភាព ជុំវិញខេត្ត អនុវត្តន៍ ឲ្យបាននូវផែនការអភិវឌ្ឍន៍ រយៈពេល ៥ ឆ្នាំរបស់ខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់


ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និង មន្ទីរអង្គភាព ជុំវិញខេត្ត អនុវត្តន៍ ឲ្យបាននូវផែនការអភិវឌ្ឍន៍ រយៈពេល ៥ ឆ្នាំរបស់ខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់

រូបភាព & អត្ថបទ . លោក គាន កក្កដា
មន្ទីរព័ត៌មានខេត្ត
30/04/2020

(ស្ទឹងត្រែង) នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានបើកនូវកិច្ចប្រជុំវិសាមញ្ញារបស់ខ្លួន លើកទី៤ អាណត្តិ៣ . ដើម្បីធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងពិនិត្យអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្ត ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួម ពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ . ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ មកពីមន្ទីរអង្គភាព ជំុវិញខេត្តជាច្រើនរូប ។

មានប្រសាសន៍ លើកឡើងក្នុងកិច្ចប្រជុំ ឯកឧត្តម ឈាង ឡាក់ បានជំរុញអោយថ្នាក់ដឹកនាំខេត្ត និង មន្ទីរអង្គភាព ជុំវិញខេត្ត អនុវត្តន៍ ឲ្យបាននូវផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំរបស់ខេត្ត( ២០២០_២០២៤ ) ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសអនុវត្តន៍លើ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តន៍ ក្នុងការកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋ ។

បន្ថែមពីនោះ ឯកឧត្តម ឈាង ឡាក់ បានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ សកម្មភាពថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព កង់កម្លាំងប្រដាប់វុធ ក្នុងការខិតខំប្រឹងប្រែង អនុវត្តសម្រេចបាននូវ គោលនយោបាយ របស់រាជរដ្ឋាភិបាល និង ចក្ខុវិស័យរបស់ក្រសួង ស្ថាប័នរបស់ បានដាក់ឲ្យអនុវត្តន៍ ។

ជាចុងក្រោយ ឯកឧត្តម ឈាង ឡាក់ ជំរុញបន្ថែមលើផែនការអភិវឌ្ឍន៍ខេត្ត រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) ឲ្យគ្រប់មន្ទីរអង្គភាព បន្តកិច្ចការងារនេះឲ្យប្រសិទ្ធភាពខ្ពស់ស្របទៅនឹងទិសដៅ ដែលបានដាក់អនុវត្ត ពិសេស គ្រប់មន្ទីរអង្គភាព ត្រូវតែបន្តកិច្ចសហការគ្នាឲ្យការតែល្អ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ របស់ខេត្តស្ទឹងត្រែង ទាំងមូល។