កិច្ចប្រជុំបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២​ ឆ្នាំ២០២០​ របស់គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង


កិច្ចប្រជុំបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២​ ឆ្នាំ២០២០​ របស់គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

រូបភាព& អត្ថបទ . លោក គាន កក្កដា
18/07/2020

(ស្ទឹងត្រែង) នៅក្នុងសាលប្រជុំ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសៅរ៍ ទី ១៨ ខែ កក្កដា ឆ្នំា២០២០នេះ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២​ ឆ្នាំ២០២០​ របស់គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ។

អង្គពិធីទាំងមូលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត
ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត. ឯកឧត្តម ហួត ឈាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តម ឈឹម រចនា សមាជិកគណៈកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមអនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មាធិការគណបក្សខេត្ត និង ប្រធាន អនុគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំសង្កាត់ ជាច្រើនរូបផងដែរ ។

បើតាមរបាយការណ៍ របស់ ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបញ្ជាក់ថា. ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងខេត្ត និងតាមតំបន់ព្រំដែនមានសភាពការណ៍ល្អ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការវិវត្តន៍ទៅប្រកបដោយនិន្តេរភាព មន្រ្តីគណបក្សគ្រប់ថ្នាក់ និងគ្រប់ផ្នែកបានយកចិត្តទុកដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាជនក្នុងមូលដ្ឋាន និងការពង្រឹងការអនុវត្តសកម្មភាពការងារលើកគ្រប់វិស័យ រួមទាំងការផ្តល់សេវាសាធារណៈ ។

ឯកឧត្តម ម៉ុម សារឿន បានលើកឡើងបន្តថា. គោលបំណងនៃការរៀបចំកិច្ចនាឱកាសនេះ គឺ ដើម្បីការត្រួតពិនិត្យឡើងនូវការអនុវត្តទិសដៅភារកិច្ចរបស់គណបក្សខេត្ត ព្រមទាំងការផ្តល់គោលការណ៍ដ៏មានសារៈសំខាន់ពីថ្នាក់ដឹកនាំគណបក្ស ដល់គណបក្សតាមមូលដ្ឋាន និងមន្ត្រីគណបក្សទាំងអស់អនុវត្តន៍តាមគោលនយោបាយ និងគោលការណ៍របស់គណបក្សដែលបានដាក់ចេញ ។ក្នុងនោះឯកឧត្តមក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងទទួលបាននូវមូលដ្ឋានដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់ថ្នាក់ដែលមានអនុវត្តនៅទីនេះ យកទៅប្រតិបត្តិក្នុងសមត្ថកិច្ច និងតួនាទី ភារកិច្ច និងការទទួលខុសត្រូវកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានបង្ហាញពីការគាំទ្រដល់របាយការណ៍របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តស្ទឹងត្រែងដែលបានគ្របដណ្តប់នូវគ្រប់ទិដ្ឋភាពទាំងទិដ្ឋភាពនយោបាយនិងបណ្តាសកម្មភាពលំអិតរបស់ក្រុមការងារគណបក្សនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ហើយចាត់ទុកថារបាយការណ៍នេះបានឆ្លុះបញ្ចាំងជាមួយនឹងការអនុវត្តនៅក្នុងស្មារតីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ណែនាំថា ក្នុងរបាយការណ៍ជាក់ស្តែងនេះនៅពេលបូកសរុបក្នុងឆមាសទី២យើងនឹងមានការកែសំរួលខ្លះដោយយើងឆ្លុះបញ្ចាំងអំពីការអនុវត្តនូវគោលនយោបាយនិងការដឹកនាំព្រមទាំងទិសដៅដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ។ ចំពោះរាល់សកម្មភាពលំអិតទាំងឡាយគឺយើងត្រូវតែបូកសរុបអោយបានពេញលេញព្រោះថានេះជាសកម្មភាពនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងគណបក្សនៅតាមបណ្តាមូលដ្ឋានទាំងអស់ប៉ុន្តែយើងត្រូវដាក់បញ្ចូលនៅក្នុងឧបសម្ព័ន។
ចំណុចមួយទៀតនៅក្នុងខ្លឹមសារនៃការបូកសរុបគឺជាទូទៅយើងលើកឡើងអំពីសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់គណបក្សហើយក៏ចៀសវាងការលើកអំពីបណ្តាសកម្មភាពដែលមានទិសដៅមិនបំរើអោយផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានបញ្ចាក់បន្ថែមថា .ក្នុងរបាយការណ៍នេះដែរក៏បានបញ្ជាក់អំពីការងារសណ្តាប់ធ្នាប់សាធារណះដែលចាត់ទុកថានេះគឺជាការខិតខំប្រឹងប្រែងរបស់កងកំលាំងគ្រប់លំដាប់ថ្នាក់ ហើយឯកឧត្តម បានផ្តល់ការកោតសរសើរដល់កងកំលាំងព្រមទាំងមេភូមិ ចៅសង្កាត់ មេឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមរយះការផ្តល់នូវសុវត្ថិភាពសន្តិសុខជូនដល់ប្រជាពលរដ្ឋដែលនេះចាត់ទុកថាជាទំនៀមទំលាប់របស់គណបក្សប្រជាជនកម្ពុជាក្នុងការទទួលខុសត្រូវជាមួយនឹងប្រជាពលរដ្ឋ។