រមណីដ្ឋាន សហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំជម្រកសត្វ ភ្នំឈ្ងោកនិង ភ្នំក្ងោកមាស កំពុងក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ជាតិ ក្នុងឱកាសបុណ្យភ្ជំុបិណ្ឌ ខាងមុខនេះ
អត្ថបទ & រូបភាព . លោក គាន កក្កដា
មន្ទីរព័ត៌មានខេត្ត
13/09/2020
ស្ទឹងត្រែង÷រមណីដ្ឋាន សហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំជម្រកសត្វ ភ្នំឈ្ងោក និងភ្នំក្ងោកមាស ជារមណីយដ្ឋានមួយដែលមានចម្ងាយ តែជាង៤០ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមក្រុងស្ទឹងត្រែង ស្ថិតនៅ ភូមិ ឆ្វាំង ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ភ្ញៀវទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិ លេខ០៩ ( ខេត្ត ស្ទឹងត្រែង_ ខេត្តព្រះវិហារ )ឆ្លងកាត់ ស្ពានមិត្តភាព កម្ពុជា_ចិន មេគង្គ ដើម្បីទៅដល់រមណីដ្ឋាន សហគមន៍ទេសចរណ៍ធម្មជាតិនេះ ។
រមណីដ្ឋាន ធម្មជាតិនេះ ផ្តួចផ្តើម និងបង្កើតឡើង ដោយប្រជាសហគមន៍ ភូមិ ឆ្វាំង និងថ្នាក់ដឹកនាំស្រុក ហើយកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ គ្រប់មជ្ឈដ្ឋាន ពិសេស ភ្ញៀវទេសចរណ៍ក្នុងខេត្តទៅលេងកំសាន្ដ ក្នុងថ្ងៃចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាក ជាដើម។ជាមួយគ្នានេះដែរ រមណីដ្ឋាន ភ្នំឈ្ងោក ក្នុងតំបន់ព្រៃសហគមន៍ ភ្នំជម្រកសត្វ និងភ្នំ ក្ងោកមាសក៏ជាគោលដៅ មួយសម្រាប់ភ្ញៀវទេសចរណ៍ មកលេងកំសាន្ត នៅថ្ងៃឈប់សម្រាក បុណ្យភ្ជំបិណ្ឌ ខាងមុខផងដែរ ។