អាជ្ញាធរខេត្ត បើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និង ភូមិ សាមឃួយ ស្រុកសេសាន។


អាជ្ញាធរខេត្ត បើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និង ភូមិសាម ឃួយ ស្រុកសេសាន
……………………………………………………………………..
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បើក កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋ ស្តីពីការកំណត់ដីចំណីផ្លូវ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងការដោះស្រាយ វិវាទដីធ្លី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និង ភូមិ សាម ឃួយ ស្រុកសេសាន។

 

កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធចូលរួម ដែលរៀបចំឡើងដោយមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
ក្នុងកិច្ចប្រជុំនោះ បានពិនិត្យលើកយកនូវការកំណត់ព្រំប្រទល់ រដ្ឋបាល ចំណីផ្លូវ ព្រែក អូរ និងច្រក់ផ្លូវ កំណត់ទំហំផ្លូវបើកថ្មី តាមប្លង់គោល និតិវិធីនៃការ ចុះបញ្ជីជាប្រព័ន្ធ លទ្ធផលវាស់វែងក្បាលដី គូស និងបញ្ជូលទិន្នន័យ និងករណី វិវាទដីធ្លី ដែលមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្តដំណោះស្រាយ ដើម្បីធ្វើការចុះបញ្ជីឱ្យរួចរាល់ ដែលមានលក្ខណៈជាប្រព័ន្ធ។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា៖ មន្ទីរបានខិតខំអនុវត្តការងារចុះបញ្ជីដីជូន ប្រជាពលរដ្ឋ និងការចុះបញ្ជីដីរដ្ឋ ដីសមូហភាព ជនជាតិដើមភាគតិច បានជាលទ្ធ ផលគួរឱ្យកត់សំគាល់ ជាក់ស្តែងនាពេលបច្ចុប្បន្ន មន្ទីរមានក្រុមចុះបញ្ជីចំនួន៤ក្រុម កំពុងអនុវត្តចុះបញ្ជី ក្នុងក្រុងស្ទឹងត្រែង និងស្រុកសេសាន ហើយកំពុងត្រៀមបិទ ផ្សាយចេញ ប័ណ្ណនៅតាមបណ្តាភូមិដែលកំពុងអនុវត្ត ការងារវាស់វែង និងប្រមូល ទិន្នន័យ ចប់សព្វគ្រប់ ដែលឈានដល់ការប្រជុំពិភាក្សា ការកំណត់ព្រំប្រទល់រដ្ឋ បាល និងការកាត់ចំណីផ្លូវ អូរ ព្រែក។

លោក ប្រធានមន្ទីរ បន្តទៀតថា៖ វិវាទដីធ្លីខ្លះ គឺធ្វើការដោះស្រាយរហូតដល់ ៥ឆ្នាំក៏មានដែរ រវាងដីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ហើយដីវិវាទមានចំនួន៧ ករណី គឺវិវាទដណ្តើមសិទ្ធ រវាងប្រជាពលរដ្ឋ វិវាទរវាងដីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយប្រជាពលរដ្ឋ និងជាប់ក្នុងតំបន់ពង្រីកព្រលានយន្តហោះ។
លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីរបន្តថា ការលំបាក់ នៃការដោះស្រាយ គឺព្រំប្រទល់ រដ្ឋបាលរវាងសង្កាត់ស្រះឫស្សី និងឃុំសាមឃួយ ស្រុកសេសាន អង្គភាពអាកាសចរណ៍ មិនទាន់មាន ដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដីបំរុងអាងទឹកស្អាត មិនទាន់បានវាស់វែងជូនម្ចាស់ដីដោយគ្មានគោលការអនុញ្ញាត ដីបម្រុងសួនច្បារ ខាងលិចស្ពានសេកុងមានម្ចាស់កាន់កាប់។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ជម្រុញឱ្យមន្ទីរសាម៉ី និងគណៈកម្មការគ្រប់គ្រងដីរដ្ឋ ពន្លឿននៃការដោះស្រាយបញ្ហាវិវាទ ដើម្បីឱ្យទាន់ ពេលវេលានៃចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះ ហើយដីចំនុចវិវាទខ្លះ ដែលកាន់កាប់ ដោយកម្មសិទ្ធដោយពលរដ្ឋ តែជាដីបំរុងរបស់រដ្ឋ គណៈកម្មការគ្រប់គ្រងដីរដ្ឋ ត្រូវ ធ្វើការដោះស្រាយ ចរចារ មានការដោះដូរគ្នាទៅតាមអ្វីដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តល់យោបល់ឱ្យ មន្ទីរ ជំនាញ ធ្វើការសិក្សាឡើងវិញ ពាក់ព័ន្ធទៅនិងការកំណត់ទំហំផ្លូវ កំណត់ទំហំផ្លូវ មានលេខ និងគ្មានលេខ កំណត់ទំហំផ្លូវបើកថ្មីតាមប្លង់គោល កំណត់ទំហំចំណី ទន្លេ ព្រែក អូរ ប្រឡាយ ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះថា មន្ទីរ ជំនាញត្រូវរៀបប្លង់គោលនៃផ្លូវបើកថ្មី ឱ្យធំ ព្រោះមនុស្សមានការរស់នៅ និងកើន ឡើងជារៀងរាល់ថ្ងៃ អនាគត់និងមានការស្ទះចរាចរនៅក្នុងក្រុង ដែលត្រូវតំរូវឱ្យ ពង្រីកផ្លូវធំៗ ហើយសិក្សាលើការប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ និងស្វែងរក ដំណោះស្រាយ ដែលការពង្រីកផ្លូវនេះជាផែនការប្លង់គោលមួយ នៅក្រុងស្ទឹងត្រែងនាពេលអនាគត ខណៈមានមនុស្សកាន់តែមករស់នៅ កើនឡើងច្រើនទៅៗ។