ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព របស់រដ្ឋបាលខេត្ត ប្រចាំខែ មេសា និងលើកទិសដៅភារកិច្ចបន្ត ខែឧសភា ឆ្នាំ 2020 មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទរខេត្ត បានចាត់តាំង ក្រុមការងារ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ដោយសហការជាមួយរដ្ឋបាល ឃុំ មេភូមិ ពេទ្យសត្វភូមិ ដើម្បីបន្តចុះអន្តរាគមន៍ ចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងសារទឹក សត្វគោ-ក្របី ជូនប្រជាពលរដ្ឋដែលមានសត្វគោ ក្របី នៅតាមបណ្តាភូមិ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ក្នុងសកម្មភាពការងារចុះអន្តរាគមន៏នេះ ក្រុមការងារបានចាក់ថ្នាំការពារសត្វគោបាន ចំនួន ៧៩ក្បាល និង ផ្តល់សំភារះបរិក្ខារ រួមមានសឺរ៉ាំង ម្ជុល ថ្នាំចាក់ការពារជម្ងឺឆ្លងសារទឹក សត្វគោ ក្របី ចំនួន ១.០០០កំរិត ជូនទៅពេទ្យសត្វភូមិសម្រាប់ចុះធ្វើអន្តរាគមន៍បន្ត និងបានណែនាំដល់ប្រជាពលរដ្ឋ អោយចេះថែទាំ និងតាមដានសុខភាពជសត្វជាប្រចាំ នៅរដូវភ្លៀងធ្លាក់ដើមឆ្នាំនេះ ជាពិសេស បើមានបញ្ហាកើតឡើង ត្រូវរាយការណ៏ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ពេទ្យសត្វភូមិ និងផ្នែកជំនាញពាក់ព័ន្ធ ដើម្បីធ្វើអន្តរាគមន៏ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។