ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញអោយរដ្ឋបាលមូលដ្ឋាន អនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ចំពោះបទល្មើសធនធានធម្មជាតិ  ។


មានប្រសាសន៍ឡើងលើក ក្នុងកិច្ចប្រជុំ ស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង  នាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២០ នេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានជំរុញដល់ អភិបាលស្រុក មេឃុំ មេភូមិ រាល់ការ កើតមានឡើង នូវបទល្មើសធនធានធម្មជាតិ ក៏ដូចជា បទល្មើសផ្សេងៗ ក្នុងដែនដីរដ្ឋបាលរបស់ខ្លួន  គឺអភិបាលស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។

ឯកឧត្តម សាយ សំអាល ក៍បាន លើកឡើងនូវបញ្ហាជាច្រើន ដែលកើតមានឡើង នៅតាមមូលដ្ឋាននានា ពិសេសទាក់ទងទៅនឹង បទល្មើស ធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាល ភូមិ ឃុំ ស្រុក ក្នុងខេត្តស្ទឹងត្រែង ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងទៀតថា “បើសិនបងប្អូនប្រជាពលរដ្ឋមានបំណង ចង់បង្កបង្កើនផលពិតប្រាកដ នៅលើដីដែលចង់ស្នើសុំ ក៏ដូចជាដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងមូលដ្ឋាននោះ ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ នឹងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរឿងនេះ ពីព្រោះទីណាមានមនុស្សរស់នៅកាន់តែច្រើន នោះទីផ្សារកាន់តែធំ ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ តាម ភូមិ ឃុំ ស្រុក ក្នុងការបង្កើតតំបន់អេកូទេសចរណ៍ តាមបណ្តោល ភូមិ ឃុំ ស្រុក ដើម្បីទាញយកចំណូលដែលបានមកពី ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តស្ទឹងត្រែង ដោយប្រភពទាំងនេះហើយ ដែលអាចកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ និងដើម្បីបញ្ចៀស ការកាប់ព្រៃឈើ ការបរបាញ់សត្វព្រៃ ក្នុងដែនអភិរក្ស និង ដែនជម្រកសត្វព្រៃដែលជាអំពើខុសច្បាប់ និង ប្រឈមមុខជាមួយ ទោសទាន់ ផងដែរ។

បច្ចុប្បន្នខេត្តស្ទឹងត្រែងយើងមានតំបន់ព្រៃការពាររបស់បរិស្ថាន ទាំងអស់៦កន្លែង គឺឧទ្យានជាតិ ០២ កន្លែង តំបន់រាមសារ ០១ កន្លែង និងដែនជម្រកសត្វព្រៃ ០៣ កន្លែងផងដែរ ៕

 

គួរបញ្ជាក់ថា កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង​ នាព្រឹកថ្ងៃទី ០១ កក្កដា ឆ្នំា ២០២០នេះ មានការចូលរួមជាគណៈអធិបតី ពី ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាន អនុប្រធាន នាយកដ្ឋាន អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកមេឃុំ និងគណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិដែលមានការពាក់ព័ន្ធសរុបចំនួន ៩៥នាក់៕