គណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង ប្រជុំពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋជូនប្រជាជននៅមូលដ្ឋានក្នងភូមិសាស្ត្រខេត្ត
———————————————
នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការស្នើរសុំសិទ្ធិពេញលេញក្នុងការកាន់កាប់ដី ពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងពិនិត្យពិភាក្សាទៅលើនិតិវិធីក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតពិតប្រាកដ ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ក់លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុងស្រុកទាំង៦ និងអ្នកជំនាញពាក់ព័ន្ធជាច្រើននាក់។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការគ្រប់គ្រងដីរបស់រដ្ឋខេត្តធ្វើឡើងស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានស្នើសុំឆ្វៀលកាន់កាប់ដីរបស់រដ្ឋចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថាន ដីសម្បទានសង្គមកិច្ច និងដីផ្សេងៗទៀតដែលជាដីគ្រប់គ្រងដោយរដ្ឋនិងពុំទាន់បានគាត់ចេញជូនប្រជាជន។
ឯកឧត្តម ម៉ុម សារឿន បន្តថាគណៈកម្មការគ្រប់គ្រងរដ្ឋនិងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋចំពោះតែប្រជាពលរដ្ឋនិងមន្ត្រីរាជការណាដែលបានគ្រប់គ្រងដីរបស់រដ្ឋយ៉ាងតិច១០ ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានសង្កត់ធ្ងន់ថាការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកដោះស្រាយនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន។
ឯកឧត្តមបានបញ្ជាក់ថាចំពោះជនខិលខូចដែលបានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋអាជ្ញាធរនឹងធ្វើការអនុវត្តន៍ទៅតាមនីតិវិធីច្បាប់និងផ្ដល់សិទ្ធិកាន់កាប់ដល់ជនខិលខូចទាំងនោះឡើយ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់នូវរាល់ការចូលត្រៀមកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូចដោយអនុវត្តទៅតាមវិធីនៃច្បាប់របស់កម្ពុជាពុំមានការលើកលែងដល់ជនណាម្នាក់ឡើយ។
គួបញ្ជាក់ផងដែរថា គណៈកម្មការគ្រប់គ្រងដីរដ្ឋនិងធ្វើការអនុវត្តនីតិវិធីនៃការកាត់ដីជូនប្រជាពលរដ្ឋដោយចាប់ផ្ដើមពីស្រុកថាឡាបរិវ៉ាត់និងធ្វើជាបន្តបន្ទាប់ទៅកាន់ស្រុកសៀមប៉ាង ស្រុកសេសាន និងក្រុងស្រុកចំនួន៣បន្តបន្ទាប់ទៀត។