លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជាចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលកន្លែងចត្តាឡីស័កនៅក្នុងខេត្តស្ទឹងត្រែង
===============================
អត្ថបទ & រូបភាព. លោក គាន កក្កដា
មន្ទីរព័ត៌មានខេត្ត
30/08/2020
ស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជាអមដំណើដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល និងអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងមន្រ្តីសុខាភិបាល បានចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលចត្តាឡីស័កកំរិត១ និងចត្តាឡីស័កកំរិត២ និងបានបន្តទៅត្រួតពិនិត្យមើលកន្លែងចត្តាឡីស័កនៅច្រកព្រំដែនត្រពាំងគ្រៀល នៅក្នុងខេត្តស្ទឹងត្រែង ។
ការចុះត្រួតពិនិត្យមើលចត្តាឡីស័ក គឺធ្វើឡើងក្នុងគោលបំណង់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង និង វិធានការគ្រប់គ្រង ក្នុងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល ។
ក្នុងឱកាសលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត លោកជំទាវបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញដល់មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ឲ្យបន្តការយកចិត្តទុក ក្នុងការបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋតែទើបនឹងមកពីប្រទេសខាងក្រៅ ត្រូវធ្វើចត្តាឡីស័ក ដល់ពួកគាត់ ដើម្បីធានា ថាពួកគាត់ មិនឆ្លងដល់ គ្រួសារ អ្នកស្និទ្ធស្នាល និង បងប្អូនក្នុងសហគមន៍ របស់ពួកគាត់ ផងដែរ។