គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការធ្វើបញ្ជីរាយនាមសមាជិកគណបក្ស និង បូកសរុបស្ថិតិប្រជាពលរដ្ឋ និងសមាជិកគណបក្ស


កាលពីថ្ងៃទី៣មេសា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការធ្វើបញ្ជីរាយនាមសមាជិកគណបក្ស និង បូកសរុបស្ថិតិប្រជាពលរដ្ឋ និងសមាជិកគណបក្ស ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ។

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសគណៈបក្សខេត្ត ដែលបានខិតខំរៀបចំចងក្រងនូវឯកសារបច្ចេកទេស ដែលជាធាតុចូលយ៉ាងសំខាន់ដល់ក្រុមការងារបច្ចេកទេសថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអ្នកត្រូវទទួលបន្ទុកចុះអនុវត្តផ្ទាល់នៅតាមបណ្តាមូលដ្ឋានឃុំ សង្កាត់នីមួយៗក្នុងខេត្ត អោយមានមូលដ្ឋានច្បាស់លាស់ក្នុងការចុះអនុវត្តន៍ ស្របតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំគណបក្សខេត្ត ព្រមទាំងផែនការដែលបានដាក់ចេញរបស់គណបក្សប្រជាជនកម្ពុជាក្នុងការធានាអនុវត្តន៏នូវកម្មវិធីនយោបាយរបស់ផ្សារភ្ជាប់និងសភាពការណ៏សេដ្ឋកិច្ច និងបន្តពង្រឹងពង្រីកការងារគណបក្សនូវគ្រប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាការគ្រប់គ្រងសមាជិកគណបក្សស្របតាមគោលការណ៏នែនាំរបស់គណបក្សអោយទទួលបាននូវប្រសិទ្ធិភាពល្អប្រសើរ។

ក្នុងឱកាសនោះឯកឧត្តម ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសបានឲ្យដឹងដែរថា៖ ក្រុមការងារបច្ចេកទេសរបស់គណបក្សខេត្ត ដែលជាសេនាធិកាអោយគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការបែងចែកក្រុមការងារបច្ចេកទេសរបស់គណបក្សខេត្ត តាមបណ្តាក្រុង ស្រុកទាំង៦ ដើម្បីសម្របសម្រួលនិងគាំទ្រផ្នែកបច្ចេកទេស រួមសហការជាមួយគណបក្សមូលដ្ឋានចុះពិនិត្យរៀបចំការងារ សមាជិគណៈបក្ស បូកសរុបស្ថិតិប្រជាពលរដ្ឋនិងសមាជិកគណៈបក្សប្រជាជនកម្ពុជា ធ្វើយ៉ាងណាធានាបាននូវការអនុវត្តការងារនេះអោយបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធិភាពស្របតាមគោលការណ៏ណែនាំរបស់គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។

កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំធំមន្ទីរគណៈកម្មាធិការគណបក្សខេត្ត ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។